មានដឹងឬអត់ថា តួឯកស្រីក្នុងរឿង «អនអើយស្រីអន» កាលពីទស្សវត្សទី៧០ អ្នកស្រី វីរៈ តារា ទៅដល់ណាហើយ?

(ពីភ្នំពេញ)៖ តារាសម្ដែងដ៏ល្បីល្បាញ ក្នុងអំឡុងទសវត្សរ៍៧០ និងត្រូវជាតួឯកស្រីក្នុងរឿង «អនអើយស្រីអន» អ្នកស្រី វីរៈ តារា ត្រូវបានមហាជនស្ទើរតែភ្លេចឈ្មោះ បាត់ទៅហើយ ខណៈដែលអ្នកស្រីបានឃ្លាតឆាកឆ្ងាយពីពិភពសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំផងដែរ ។ ការបាត់មុខជាច្រើនឆ្នាំនេះ មានមហាជនមួយចំនួន គិតថា អ្នកស្រីបានបាត់បង់ជីវិតទៅហើយ ប៉ុន្តែតាមការពិត នៅពេលនេះ គឺអ្នកស្រី វីរៈ តារា នៅមានជីវិតនៅឡើយ និងកំពុងរស់នៅសហរដ្ឋអាមេរិកយ៉ាងសុខសាន្ត ។

យោងតាម ទំព័រហ្វេសបុក  «Movie Star Research» ដែលមានអតីតតារាចម្រៀង អ្នកនាង ស៊ិន ឧត្តមផល្លា ជាម្ចាស់ បានបង្ហាញឲ្យដឹង នៅប្រមាណ៣០នាទីមុននេះថា «អតីតតារាសម្ដែងដ៏ល្បីឈ្មោះ តាំងពីទសវត្សទី៦០ និង៧០ អ្នកស្រី វីរៈ តារា គាត់ជាតារាឯកស្រីក្នុងរឿង អនអើយស្រីអន និង ពុទ្ធិសែននាងកង្រី និងរឿងជាច្រើនទៀត ។ រឿង អនអើយស្រីអន មានអាយុកាលជាង៤០ឆ្នាំហើយ ខ្ញុំធ្លាប់ឮម៉ាក់ខ្ញុំនិយាយថា មនុស្សម្នាផ្អើលទៅមើលរឿងហ្នឹងពេញៗ រោងកុន រហូតដល់ទៅរយៈពេលប្រាំមួយខែឯណ្ណោះ..!»

អ្នកនាង ស៊ិន ឧត្តមផល្លា បានបន្ថែម និងបង្ហាញទៀតថា «នេះជារូបគាត់ (វីរៈ តារា)ពីមុន និង រូបសព្វថ្ងៃនៅខាងក្រោមៗ បច្ចុប្បន្នតារារូបនេះ រស់នៅសហរដ្ឋអាមេរិក..!»

ទោះបីជាយ៉ាងណា រយៈកាលដ៏យូរនៃការ រស់ក្នុងទឹកដីអាមេរិក ទស្សនិកជន ក៏ដូចជាមហាជន នៅក្នុងប្រទេសកម្ពុជា ហាក់ពុំដែលបានដឹងដំណឹងថា អ្នកស្រីមកលេងប្រទេសកំណើត ម្ដងណាឡើយ ខណៈដែលអ្នកធ្លាប់ស្គាល់តារាសម្ដែងរូបនេះ ពីមុនមក ក៏ស្ទើរតែភ្លេចឈ្មោះទៅហើយដែរ ។

 

ប្រភព៖ khmertalking

សូមជួយចែករំលែកអត្ថបទនេះតាមរយៈ ៖