តារាកំប្លែងស្រីសម្តីចាក់ទឹកមិនលិច អ្នកនាង ស្រេង សុកាន់ដា (ហៅ ខ្ញុង) ចេះភ្ជួរគោយន្តកន្រ្តៃទៀត ចង់ដឹងប្រវត្តិតារាកំប្លែងរូបនេះយ៉ាងម៉េចទៅ!!

នាង ខ្ញុង ជាតារាកំប្លែងដែលសម្បូរវោហារស័ព្ទមួយរូបនៅក្នុងក្រុមកំប្លែងប្រចាំនៅស្ថានីយទូរទស្សន៍CTN កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងតាមរយៈការនិយាយកំប្លុកកំប្លែងដែលធ្វើឲ្យទស្សនិកជនពិបាកនឹងទប់សំណើចបាន។ តើតារាកប្លែងរូបនេះមានប្រវត្តិជីវិតបែបណាក្នុងឆាកសិល្បៈ?
ស្រេង សុកាន់ដា ហៅ នាងខ្ញុង កើតថ្ងៃ ០៨ សីហា ១៩៨៤ , កៀនស្វាយ កណ្ដាល ។

ស្ថានភាពគ្រួសារ

នាង ខ្ញុង ដែលមានឈ្មោះដើមស្រេង សុកាន់ដា ជាកូនច្បងក្នុងចំណោមបងប្អូន៤នាក់ គឺប្រុស៣ ស្រី១ នៅភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកគៀនស្វាយ ខេត្តកណ្ដាល។ នាងមានឳពុកឈ្មោះ ស្រេង ពៅ អាយុ៤៧ឆ្នាំ

ជាមេការសំណង់ និងម្តាយឈ្មោះ ស្រីម៉ៅ បានស្លាប់តាំងពីនាងអាយុ៥ឆ្នាំម្ល៉េះ ដោយសារទាស់សរសៃ។ បន្ទាប់មកនាងបានរស់នៅក្រោមការចិញ្ចឹមបីបាច់របស់ម្ដាយចុងឈ្មោះ ហ៊ុន សារី អាយុ៥៨ឆ្នាំជាស្ត្រីមេផ្ទះ។

ប្រវត្តិនៃការសិក្សា

កាលពីកុមារភាព ស្រេង សុកាន់ដា បានសិក្សានៅសាលាបឋមសិក្សាដីឥដ្ឋ ហើយបានសិក្សាបន្តនៅអនុវិទ្យាល័យដីឥដ្ឋស្ថិតនៅក្នុងស្រុកកំណើតរបស់ខ្លួន ប៉ុន្តែដោយសារស្ថានភាពគ្រួសារជួបប្រទះការខ្វះខាតទើបបង្ខំចិត្តឈប់រៀនត្រឹមថ្នាក់ទី៨។

តារាកំប្លែងដែលអណ្ដែតមកពីខេត្តកណ្ដាលរូបនេះធ្លាប់ជួបការលំបាកតាំងតែពីតូច ពោលគឺនាងតែងតែធ្វើដំណើរដោយថ្មើរជើងទៅសាលា រៀនដែលមានចម្ងាយជិត៥គីឡូម៉ែត្រអស់រយៈពេលជាច្រើនឆ្នាំហើយ។ កាលដែលនាងសិក្សានោះគ្មានប្រាក់ចាយវាយដូចសិស្សដទៃឡើយ។ នាងនិយាយថា “ពេលនោះជីវភាពគ្រួសាររបស់ខ្ញុំជួបការលំបាកខ្លាំងពេកទើបខ្ញុំដាច់ចិត្តឈប់រៀនទាំងមិនទាន់ចប់កម្រិតអនុវិទ្យាល័យស្រួលបួលផង គឺដើម្បីទៅស្វែងរកការងារធ្វើនៅទីក្រុងភ្នំពេញ”។

ជីវិតតស៊ូ

តារាកំប្លែងរូបនេះបញ្ជាក់ថា ដោយសារឪពុករបស់នាងមានមុខរបរជាជាងសំណង់ ទទួលបានប្រាក់កម្រៃតិចតួចបំផុត ហើយត្រូវរ៉ាប់រងចិញ្ចឹមគ្រួសារទាំងមូលទើបជីវភាពជួបការខ្វះខាតជាខ្លាំង។

ខណៈដែលជីវភាពគ្រួសារកាន់តែធ្លាក់ដុនដាបទៅៗ នាងក៏បោះបង់ការសិក្សាទៅត្រាច់ចររកការងារធ្វើនៅភ្នំពេញ ហើយការងារដែលនាងទទួលបានប្រាក់កម្រៃដំបូងគឺធ្វើជាតារាចម្រៀងនៅតាមក្លឹបកម្សាន្តនានា។

បើទោះបីទទួលបានប្រាក់កម្រៃតិចតួចក្នុងមួយយប់តែមួយដុល្លារក្តី ក៏នាងនៅតែតស៊ូធ្វើក្នុងគោលបំណងជួយយឹតយោងគ្រួសារឡើងវិញ។

បន្ទាប់ពីធ្វើជាតារាចម្រៀងបានពីរឆ្នាំក៏ត្រូវឳពុកមកយកទៅធ្វើការសំណង់នៅខេត្តសៀមរាប និងបន្ដទៅខេត្តបាត់ដំបង។ នាងនិយាយថា

“ខ្ញុំបានទៅជាមួយលោកពុកនៅតាមការដ្ឋាន សំណង់ជួយដាំបាយនិងមើលថែគាត់ហើយពេលខ្លះ ខ្ញុំក៏ជួយធ្វើការងារសំណង់ខ្លះៗដែរ ដូចជាលាយកំបោរលើកការូជាដើម”។

ក្រៅពីឆ្លងកាត់ជីវិតជូរចត់ទាំងនេះ នាង ខ្ញុង ក៏ធ្លាប់ស៊ីឈ្នួលលក់អង្ករឲ្យគេនិងធ្វើជាតារាចម្រៀងពេលរាត្រី នៅខេត្តសៀមរាប

តែនាងបានជម្នះឧបសគ្គទាំងនោះរហូតបានក្លាយជាតារាកំប្លែងដែលមានការចាប់អារម្មណ៍ដូចសព្វថ្ងៃ ប៉ុន្តែអ្វីដែលនាងមានផលលំបាកសម្រាប់អាជីពកំប្លែងនោះ

គឺនាងមិនសូវពូកែចងចាំ ជាពិសេសពាក្យកំប្លែងពាក់ព័ន្ធនិងពាក្យបច្ចេកទេសដូចជាភាសាអង់គ្លេសនិងពាក្យសេដ្ឋកិច្ចជាដើម។

នាងបានបន្ដថា “ខ្ញុំរៀនបានតិចទួចអត់ចេះភាសាបរទេសអីទេ ដូច្នេះទាក់ទិននិងពាក្យបច្ចេកទេស ខ្ញុំនិយាយមិនសូវបានល្អទេ។ ប៉ុន្តែដោយមានការជួយជ្រោមជ្រែង និងបង្ហាត់បង្ហាញបន្ថែមពីលោក ពែកមី និងលោកសុវណ្ណរិទ្ធី ហៅ វិចទ័រ នាងខ្ញុំនឹងខិតខំប្រឹងប្រែងរិះរកពាក្យកំប្លែងថ្មីៗបន្ថែមទៀតដើម្បីវិវឌ្ឍន៍អាជីពកំប្លែងឲ្យកាន់តែល្អប្រសើរជាងនេះ”។

ជំហ៊ានចូលសិល្បៈ

តារាកំប្លែងពូកែវោហារសាស្ត្ររូបនេះមានដុងខាងផ្នែកសិល្បៈតាំងតែពីតូចផ្នែកចម្រៀង និងសម្ដែង។ នាងនិយាយថា “ខ្ញុំមានដុងខាងសិល្បៈតាំងពីតូចអាយុ៥ឆ្នាំមកម្ល៉េះហើយនៅពេលសាលាមានកម្មវិធីជប់លៀងម្ដងៗខ្ញុំតែងមានមុខឡើងច្រៀងជាងគេនិងតែងទទួលបានការលើកសរសើរពីលោកគ្រូអ្នកគ្រូជារឿយៗ”។

បន្ទាប់ពីឈប់សិក្សានៅឆ្នាំ២០០០នាង ខ្ញុង បានជម្នះចិត្តឪពុកដើម្បីបំពេញក្តីស្រមៃរបស់ខ្លួនដោយចង់ក្លាយជាតារាចម្រៀងនិងសម្ដែងគឺបានលួចហាត់ច្រៀងនិងសម្ដែងនៅក្លឹប “ប្រជានុភាព” រយៈពេល៣ខែ និងបានប្រឡងជាប់ចំណាត់ថ្នាក់លេខ២ផ្នែកចម្រៀងតាមរយៈកម្មវិធីរបស់ទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១។

 

នាង ខ្ញុង និយាយថា “ពេលខ្ញុំមកភ្នំពេញដំបូងបានស្នាក់នៅជាមួយអ៊ុំនៅម្តុំតាខ្មៅនិងមិនដឹងថានឹងទៅធ្វើការអ្វីឲ្យបានប្រាក់នោះ ខ្ញុំក៏បានលួចហាត់រៀនខាងផ្នែកសិល្បៈរហូតទទួលបានជ័យលាភី ប៉ុន្តែខ្ញុំមិនមានឱកាសក្លាយជាតារាចម្រៀងប្រចាំផលិតកម្មនោះទេ បានត្រឹមតែច្រៀងលក់សំឡេងតាមក្លិបកម្សាន្តនិងតាមភោជនីយដ្ឋាននានាតែប៉ុណ្ណោះ”។ នាងបន្ថែមថា នាងបានចូលច្រៀងនៅក្លិបVIPនៅម្តុំពោធិចិនតុងដែលពីដំបូងទទួលបានប្រាក់កម្រៃក្នុងមួយយប់តែ១ដុល្លារប៉ុណ្ណោះ ប៉ុន្តែនាងអាចទទួលបានប្រាក់លើកទឹកចិត្តពីភ្ញៀវគួរសមដែរ រហូតនាងច្រៀងនៅក្លិបនោះបានរយៈពេលពីរឆ្នាំនិងមានលទ្ធភាពជួយផ្គត់ផ្គង់គ្រួសារទៀតផង។
នាងពោលថា “ពុកអត់ចង់ឲ្យខ្ញុំធ្វើជាតារាចម្រៀងតាមភោជនីយដ្ឋាននោះទេ ដោយយល់ថា ជារឿងមិនល្អ ប៉ះពាល់កិត្តិយសគ្រួសារ ប៉ុន្តែនៅពេលឃើញស្ថានភាពគ្រួសារយ៉ាប់យឺនខ្លាំងពេក ខ្ញុំក៏ចាប់យកអាជីពនេះ បើទោះបីជាលោកពុកមិនពេញចិត្តក្តី។ ទីបំផុតខ្ញុំមានលទ្ធភាពជួយគ្រួសារបានមួយផ្នែកធំ”។ ក្រៅពីច្រៀងនៅពេលរាត្រីនាង ខ្ញុង ក៏ច្រៀងនៅតាមកម្មវិធីមង្គលការទាំងបទសម័យនិងបទបុរាណផងដែរ។

ឱកាសក្លាយជាតារាកំប្លែង

នាង ខ្ញុង មិនធ្លាប់ស្រមៃចង់ក្លាយជាតារាកំប្លែងនោះទេ ហើយក៏ពុំបានដឹងថាខ្លួនមានទេពកោសល្យខាងកំប្លែងនោះដែរ ពោលគឺធ្លាប់មានមហិច្ឆតាធ្វើជាតារាចម្រៀងនិងតារាសម្ដែងតែប៉ុណ្ណោះ។ ដូច្នេះឱកាសក្លាយជាតារាកំប្លែងដូចសព្វថ្ងៃនេះ គឺជារឿងដ៏ចៃដន្យបំផុតសម្រាប់រូបនាង។ នាងបញ្ជាក់ថា នៅឆ្នាំ២០០៩កម្មវិធីមហាកំប្លែងរបស់ទូរទស្សន៍CTNចាប់ផ្ដើមជ្រើសរើសតារាកំប្លែង នាងពុំបានចាប់អារម្មណ៍នោះទេ គឺឳពុករបស់នាងជាអ្នកផ្ចុងផ្ដើមរៀបចំដាក់ពាក្យឲ្យនាងប្រឡងទាំងនាងពុំបានជឿរជាក់លើខ្លួនឯងទាល់តែសោះ។

 

តារាកំប្លែងកំពុងមានប្រជាប្រិយភាពរូបនេះនិយាយថា ”ពេលពុករៀបចំដាក់ពាក្យប្រឡងឲ្យ ខ្ញុំអត់ដឹងថាត្រូវប្រឡងកំប្លែងយ៉ាងម៉េចនោះទេ ប៉ុន្តែដោយមានការលើកទឹកចិត្តពីក្រុមគ្រួសារ និងស្វាមីផងនោះខ្ញុំក៏ប្រថុយចូលរួមប្រឡងនិងគិតថាយ៉ាងហោចណាស់ក៏បានចេញមុខតាមកញ្ចក់ទូរទស្សន៍ម្ដងដែរ។ ទីបំផុត ខ្ញុំក៏បានប្រឡងជាប់វគ្គ១រហូតឆ្លងផុតវគ្គផ្ដាច់ព្រ័ត្រដោយជោគជ័យ”។

នាង ខ្ញុង បន្ថែមថា មូលហេតុដែលឪពុករបស់នាងជំរុញឲ្យប្រឡងកំប្លែងត្បិតអីពុករបស់នាងយល់ថា នាងមានសមត្ថភាពអាចកំប្លែងបាន ព្រោះកន្លងមកនាងក៏ធ្លាប់និយាយកំប្លែងស្ងួតឲ្យសាច់ញាតិសើចបង្កើតបរិយាកាសរីករាយនៅក្នុងគ្រួសារផងដែរ ។ នាងពោលថា “កន្លងមកខ្ញុំអត់បានចាប់អារម្មណ៍ថា ខ្លួនមានទេពកោសល្យខាងកំប្លែងនោះទេ។ នាង ខ្ញុង បានឲ្យដឹងដែរថា នាងបានបញ្ចប់អាជីពចម្រៀងតាមក្លិបកម្សាន្តពេលរាត្រី។ តារាកំប្លែងរូបនេះចាប់ផ្ដើម ទទួលបានការគាំទ្រខ្លាំងពីទស្សនិកជនរបស់ទូរទស្សន៍CTNនៅក្នុងឆ្នាំ២០០៩ ហើយបានធ្វើឲ្យជីវភាពរបស់នាងធូរធារមួយកម្រិតធំ។

ក្រៅពីកំប្លែងនៅក្នុងកម្មវិធីមួយចំនួនរបស់ទូរទស្សន៍CTN នាង ខ្ញុង ក៏ទទួលកំប្លែងនៅតាមកម្មវិធីផ្សេងៗដែលភាគច្រើនចាប់ដៃគូជាមួយនាយ ពែកមី និងទទួលបានប្រាក់កម្រៃយ៉ាងច្រើនគួរសមផងដែរ សម្រាប់ផ្គត់ផ្គង់គ្រួសារ ។

ចំណងអាពាហ៍ពិពាហ៍

នាង ខ្ញុង បានរៀបការនៅឆ្នាំ២០០៥ជាមួយ លោក ប៉ាល់ប៉ោ អាយុ៣៤ឆ្នាំជាអាជីវករលក់អង្ករនៅផ្សារធំថ្មីខេត្តសៀមរាប។ សព្វថ្ងៃនាងមានកូនប្រុសម្នាក់អាយុ៤ឆ្នាំ ឈ្មោះ ប៉ោបញ្ញាឌី។ អ្នកនាង ខ្ញុង និយាយថា “ពួកយើងបានជួបគ្នានៅលើទឹកដីខេត្តសៀមរាបនិងបានស្វែងយល់ចិត្តគ្នារយៈពេលបីខែប៉ុណ្ណោះ ក៏សម្រេចចិត្តចូលរោងការ”។ នាងបានឲ្យដឹងដែរថា នាងនិងស្វាមីមានគម្រោងយកកូនស្រីម្នាក់បនែ្ថមទៀត ប៉ុន្តែដោយសារអាជីពកំប្លែងកំពុងទទួលបានជោគជ័យ ខ្លាចប៉ះពាល់ដល់ប្រជាប្រិយភាពទើបនាងសម្រេចចិត្តពន្យារកំណើតមួយរយៈសិន។

ចុចមើលវីដេអូខ្ញុងកំពុងភ្ជួរស្រែ៖


គោលបំណងទៅថ្ងៃអនាគត

បើទស្សនិកជននៅតែផ្ដល់ការគាំទ្រ គឺនាងមិនបោះបង់អាជីពកំប្លែងនោះទេ ហើយគោលបំណងមួយទៀតដែលនាងនៅតែឱបក្រសោបនោះ គឺចង់ក្លាយជាតារាសម្ដែងនិងច្រៀងប្រចាំផលិតកម្មណាមួយពិតប្រាកដនៅថ្ងៃអនាគត។ ក្រៅពីនេះនាងចង់បើកវង្សភ្លេងសម័យនិងភ្លេងបុរាណមួយវង្សដើម្បីផ្ដល់ការងារឲ្យប្អូនៗ។ នាងនិយាយថា “ខ្ញុំចង់បង្កើតការងារឲ្យប្អូនៗធ្វើ និងចង់បណ្ដុះឲ្យពួកគេរកប្រាក់ចំណូលពីសិល្បៈ ហើយខ្ញុំក៏បានបណ្ដុះបណ្ដាលពួកគេខ្លះៗហើយដែរ”។

សូមចុចមើលបទសម្ភាសន៍ជាខ្ញុង និង CTN

 

ប្រភព៖ khsharefb

សូមជួយចែករំលែកអត្ថបទនេះតាមរយៈ ៖